- (ភ្នំពេញ)៖ អាចនិយាយបានថា នេះជាលើកទី១ហើយ ដែលស្នាដៃបទចម្រៀងរ៉េបសម័យថ្មី មានលាយបញ្ចូលជាមួយឧបករណ៍បុរាណខ្មែរ គឺចាប៉ីដងវែង ក្រោមការសហការច្រៀងរវាងលោក វណ្ណដា តារារ៉េបបែបយុវវ័យ ជាមួយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ណៃ។ ក្រោយពីបទនេះត្រូវបានបញ្ចេញជាផ្លូវការ គេសង្កេតឃើញថា មានការគាំទ្រមិនតិចនោះទេ ពីមហាជនទូទៅ ដោយបានលើកសរសើរទាំងការច្នៃប្រឌិតថ្មី ពាក្យពេជន៍ក្នុងបទចម្រៀង និងការលើកតម្កើងសិល្បករជើងចាស់ ក៏ដូចជាសិល្បៈបុរាណ។
បទថ្មី «Time To Rise» បានធ្វើឲ្យមហាជនលាន់មាត់សរសើរជាបន្តបន្ទាប់ ខណៈក្នុងចម្រៀងទាំងមូល គឺប្រមូលផ្តុំដោយគំនិតបង្កើតថ្មី មិនធ្លាប់មានពីមុនមក សម្រាប់បទរ៉េបនៅកម្ពុជា។ ជាពិសេស គឺវត្តមានរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ អង្គុយលេងនិងច្រៀងចាប៉ី ឆ្លងឆ្លើយជាមួយ តារារ៉េប វណ្ណដា គឺពិតជាធ្វើឲ្យអ្នកទស្សនាទទួលបានអារម្មណ៍ថ្មី ប្លែក តែម្តង។ ជាក់ស្តែងការសម្តែង និងអត្ថន័យនៃចម្រៀងរ៉េបមួយនេះ គឺបានបង្កប់នូវការឲ្យតម្លៃដល់សិល្បករជើងចាស់ និងសិល្បៈបុរាណផ្សេងទៀត ធ្វើឲ្យមហាជនពេញចិត្តខ្លាំង ហើយមានបញ្ចូលទាំងសម័យថ្មីផងនោះ គឺរឹងតែទាក់ទាញបន្ថែមទៀត។
បើតាមលោក Peter ជាអ្នកគ្រប់គ្រងនៃក្រុមការងារលោក វណ្ណដា ផ្ទាល់ បានឲ្យដឹងថា សម្រាប់បទចម្រៀងមួយបទនេះ ទាំងការនិពន្ធ សាច់ភ្លេច ទំនុកច្រៀង និងការថត MV គឺចំណាយរយៈពេល៥ខែ ដោយមានការសម្រិតសម្រាំងខ្លាំងតែម្តង។
លោកបន្តថា ទាំងតារាចម្រៀង និងសមាជិកក្នុងក្រុមផ្ទាល់ គឺពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលស្នាដៃរបស់ខ្លួនមានការគាំទ្រ និងការកោតសរសើរច្រើនពីមហាជន។ អ្វីដែលពិសេសនោះ នឹងមានស្នាដៃចម្រៀងបែបនេះ បញ្ចេញបន្តបន្ទាប់ទៀត នៅពេលខាងមុខ ដើម្បីជាចំណីអារម្មណ៍អ្នកនិយមស្តាប់ចម្រៀង ជាពិសសសម្រាប់អ្នកគាំទ្រ។
No comments:
Post a Comment