(ភ្នំពេញ)៖ កុមារី ហ៊ុន ពេជ្រមុន្នីលីណា
ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដណ្តើមបានលេខ១
ក្នុងការប្រកួតប្រជែងគណិតវិទ្យា ប្រចាំតំបន់អាស៊ី ក្នុងចំណោមសិស្ស១០០នាក់ (Asia'a
Top 100 Students) នេះបើយោងតាមតារាងពិន្ទុដែលចុះផ្សាយដោយអង្គភាព Fresh
News នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ។
លទ្ធផលដែលបង្ហាញនៅលើគេហទំព័រប្រឡងគណិតវិទ្យាកម្រិតតំបន់អាស៊ី
បានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងជាមួយពិន្ទុ ១៣,៦៤៩ ខណៈលេខ២ បានទៅលើសិស្សមកពីប្រទេសជាមួយពិន្ទុ
៤៦៤០។
កុមារី ហ៊ុន
ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។
តាមរយៈគេហទំព័រប្រកួតប្រជែងគណិតវិទ្យាកម្រិតថ្នាក់អាស៊ី និងពិភពលោកនេះ កុមារី ហ៊ុន
ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ
ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗផងដែរ។
នេះមិនមែនលើកទី១ទេ
ពោលគឺច្រើនដងណាស់ដែលកុមារីរូបនេះ
បានដណ្តើមតំណែងកំពូលតារាងនៃកម្មវិធីប្រកួតប្រជែងគណិតវិទ្យានេះទាំងនៅតំបន់អាស៊ី
និងលើពិភពលោក។
ជាមួយការដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងរបស់កុមារី
ហ៊ុន ពេជ្រមុន្នីលីណា បានធ្វើឲ្យរូបសញ្ញាទង់ជាតិរបស់កម្ពុជា
ត្រូវបានបង្ហាញលើកំពូលតារាងគេហទំព័រ «Mathletics
Hall of Fame» ដែលជាគេហទំព័រមួយ
មានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារា កុមារី មកពីប្រទេសជាច្រើននៅលើពិភពលោក។
លទ្ធផលនេះក៏បានលើកតម្លៃអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន
ហើយបានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន
ធ្លាប់បានលើកឡើងថា ភាពវ័យឆ្លាតរបស់មនុស្សមិនស្ថិតនៅលើមនុស្សនោះកើតក្នុងប្រទេសធំ
ប្រទេសមានសេដ្ឋកិច្ចរុងរឿង ឬប្រទេសនោះជាប្រទេសតូច
ឬមានសេដ្ឋកិច្ចមិនរីកចម្រើននោះឡើយ ពោលមនុស្សជាតិកើតក្នុងប្រទេសតូច ប្រទេសក្រីក្រ
ក៏មានសមត្ថភាពឆ្លាតវៃដូច ឬឆ្លាតជាងប្រទេសមានសេដ្ឋកិច្ចរុងរឿង ប្រទេសធំផងដែរ៕